Banner advertisement

បើកបរក្នុងស្ថានភាពស្រវឹង ! តំណាងអយ្យការចោទប្រកាន់លើស្ត្រីម្នាក់បើករថយន្តបុកមនុស្សស្លាប់

19-Apr-2025 10:16 PM

តំណាងអយ្យការសម្រេចធ្វើការចោទប្រកាន់លើអ្នកបើកបររថយន្តឈ្មោះ ថូ មករា ភេទស្រី អាយុ២៧ឆ្នាំ (ឃាត់ខ្លួន) ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃស្លាប់, របួស និងបទ បើកបរស្ថិតក្នុងស្ថានភាពស្រវឹង (មានអត្រាជាតិអាល់កុល ០.៧៣Mg/L ខ្យល់) តាមមាត្រា៨៣, មាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា៧៧ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបញ្ជូនសំណុំរឿងនេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បី ចាត់ការបន្តតាមនីតិវិធី។


សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៧ និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចមុខក្រុមហ៊ុនខេហ្វ័រ លើផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ បង្កឡើងដោយឈ្មោះ ថូ មករា ភេទស្រី អាយុ២៧ឆ្នាំ ដែលបានបើកបររថយន្តមួយគ្រឿងម៉ាក LEXUS NX 200t ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BS-3393 ក្នុងល្បឿនលឿនខ្វះការប្រុង ប្រយ័ត្ន និងស្ថិតក្នុងស្ថានភាពស្រវឹងមានកម្រិតជាតិអាល់កុល ០.៧៣Mg/L ខ្យល់ បានបុកពីក្រោយម៉ូតូ សណ្តោងរ៉ឺម៉កម៉ាក YAMAHA SIRIUS ពណ៌ខ្មៅ គ្មានផ្លាកលេខ ដែលបើកបរស្របទិសគ្នា បណ្តាលឱ្យអ្នក បើកបរម៉ូតូសណ្តោងរ៉ឺម៉កឈ្មោះ ឡេង ស៊ុនហេង ភេទប្រុស អាយុ៤៥ឆ្នាំ ស្លាប់ក្រោយពេលបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ។ 

ចំណែកអ្នករួមដំណើរលើម៉ូតូសណ្តោងរ៉ឺម៉កចំនួន៥នាក់ទៀត រងរបួស។ ករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនបង្ក និងកសាងសំណុំរឿងបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

អត្ថបទដែលទាក់ទង